វគ្គបណ្តុះបណ្តាលខ្លី ស្តីពី “ការនាំយកភស្តុតាងពីការស្រាវជ្រាវទៅប្រើប្រាស់ក្នុងគោលនយោបាយ និងការអនុវត្ត” (Getting Research into Policy and Practice)

image not found

ខេត្តសៀមរាប៖ ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពី “ការនាំយកភស្តុតាងពីការស្រាវជ្រាវទៅប្រើប្រាស់ក្នុងគោលនយោបាយ និងការអនុវត្ត” (Getting Research into Policy and Practice) សម្រាប់បុគ្គលិកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ត្រីសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលោកស្រីសាស្រ្តាចា្យ Gracie Marie Ku តំណាងវិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិច (ITM)។

ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទី៥ (Framework agreement 5) របស់ វិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការជាមួយវិទ្យាស្ថានវេជ្ជសាស្ត្រត្រូពិច (ITM) នៃប្រទេសបែលហ្សិក យើងបានរៀបចំនូវវគ្គបណ្តុះបណ្តាលខ្លី ស្តីពី “ការនាំយកភស្តុតាងពីការស្រាវជ្រាវទៅប្រើប្រាស់ក្នុងគោលនយោបាយ និងការអនុវត្ត” Getting Research into Policy and Practice​ (GRiPP) សម្រាប់បុគ្គលិកជំនាញរបស់វិទ្យាស្ថាន និងមន្ត្រីសុខាភិបាល ក្នុងគោលបំណងផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងការរៀបចំគោលនយោបាយ និងការអនុវត្ត។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកស្រាវជ្រាវ និងអ្នករៀបចំ ឬអ្នកបង្កើតគោលនយោបាយ ក្នុងការគិតពិចារណាជាប្រព័ន្ធអំពីកម្មវិបាក (Impact) នៃការស្រាវជ្រាវដោយផ្សារភ្ជាប់ទៅនឹងទិសដៅគោលនយោបាយរបស់ប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ព្រមទាំងធានាថា ការស្រាវជ្រាវ និងលទ្ធផលដែលរកឃើញមានភាពពាក់ព័ន្ធ អាចយកទៅប្រើប្រាស់បាន និងមានសក្ដានុពលក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងគោលនយោបាយ និងការអនុវត្តជាក់ស្តែង។

កម្មវិធីបណ្តុះបណ្តាលនេះមានគ្រូបង្គោលដែលអញ្ជើញមកពី វិទ្យាស្ថានវេជ្ជសាស្រ្តតំបន់ត្រូពិក (ITM) ដែលប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប​ ដែលមានអ្នកចូលរួមសរុបចំនួន ២៥រូប អញ្ជើញមកពី៖

-       វិទ្យាស្ថានជាតិសុខភាពសាធារណៈ

-       នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល

-       នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស

-       មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

-       មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប