“ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជា (Cambodia Research Network)។”

image not found

“ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជា (Cambodia Research Network)។”
--------------------
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ​ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកសាស្ត្រាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដឹកនាំក្រុមការងារវិទ្យាស្ថានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

នេះ ជាការចុះអនុស្សរណៈយោគយល់រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នស្រាវជ្រាវ រួមទាំងសាកលវិទ្យាល័យធំៗនៅកម្ពុជា សរុបចំនួន៣១។ គោលបំណងចម្បងនៃការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជានេះ គឺប្រមូលផ្តុំអ្នកស្រាវជ្រាវដែលមានចំណេះជំនាញក្នុងវិស័យផ្សេងៗគ្នា ឱ្យមានឱកាសធ្វើការស្រាវជ្រាវរួមគ្នានិងបំពេញគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពធន់របស់ជាតិ (National Resilience) តាមរយៈការផ្សារភ្ជាប់ការសិក្សាស្រាវជ្រាវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ទៅនឹងការតាក់តែង ការតាមដាន និងការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ។

សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិសុខភាពសាធារណៈគឺជាសេនាធិការរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រលើការស្រាវជ្រាវប្រព័ន្ធសុខាភិបាល និងការតាក់តែងគោលនយោបាយសុខាភិបាល៕