ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយ | Royal Order of Monisaraphon Presenting Ceremony

image not found

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយ ជូនលោកស្រីសាស្រ្តាចារ្យ Lut Lynen នាយកស្តីទី និងលោកសាស្រ្តាចារ្យ Wim Van Damme ប្រធានផ្នែកគោលនយោបាយនៃវិទ្យាស្ថានវេជ្ជសាស្រ្តតំបន់ត្រូពិក (Institute of Tropical Medicine) ប្រទេសបែលហ្សិក ដែលបានរៀបចំដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវសេចក្តីអំណរសាទរពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនចំពោះលោកសាស្រ្តាចារ្យទាំងពីររូប ដែលបានទទួលនូវការប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការចូលរួមដ៏ធំធេងរបស់សាស្រ្តាចារ្យទាំង២រូប ក៏ដូចជារដ្ឋាភិបាល និងប្រជាជនបែល្សិក ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។

លោកសាស្រ្តាចារ្យទាំងពីររូបបានចូលរួមអភិវឌ្ឍន៍លើវិស័យសុខាភិបាល ពិសេសការអភិវឌ្ឍធនធានមនុស្សលើជំនាញសុខភាពសាធារណៈ និងការសិក្សាស្រាវជ្រាវ នៅព្រះរាជាណាចក្រកម្ពុជា ដោយការបណ្តុះបណ្តាលផ្ទាល់ ការជួយសម្រួលឱ្យមន្រ្តីសុខាភិបាលយើងជាច្រើននាក់បានទៅរៀនសូត្រនៅវិទ្យាស្ថានវេជ្ជសាស្រ្តតំបន់ត្រូពិក ប្រទេសបែលហ្សិក និងតាមរយៈការកៀងគរគម្រោងមកជួយដល់អង្គភាពសុខាភិបាលមួយចំនួន ពិសេសវិទ្យាស្ថានជាតិសុខភាពសាធារណៈ ជាច្រើនឆ្នាំកន្លងមក។ ជាក់ស្តែង គម្រោងសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានវេជ្ជសាស្រ្តតំបន់ត្រូពិក FA4 (២០១៧-២០២១) និង FA5 (២០២២-២០២៦) ដែលទទួលមូលនិធិជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនបែលហ្សិក បានចូលរួមលើកកំពស់សមត្ថភាពបណ្តុះបណ្តាល និងស្រាវជ្រាវនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ពិសេសផ្នែកសុខភាពសាធារណៈ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ពិសេសការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលជាកម្មវិធីទី១នៃកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដំណាក់កាលទី១។

ពិធីនោះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងស្ថានកុងស៊ុលនៃស្ថានទូតបែលហ្សិកនៅទីក្រុងភ្នំពេញ សាស្រ្តាចារ្យទាំងពីររូប ថ្នាក់ដឹកនាំ និងបុគ្គលិករបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ អតីតនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានវេជ្ជសាស្រ្តតំបន់ត្រូពិក និស្សិតដែលទទួលបានអាហារូបករណ៍ក្នុងគម្រោង FA4 (២០១៧-២០២១) និង FA5 (២០២២-២០២៦) និងមិត្តភក្តិរបស់សាស្រ្តាចារ្យទាំង ២រូបផងដែរ។

Phnom Penh: On Wednesday morning of January 17th, 2024, at Sokha Phnom Penh Hotel, as assigned by His Excellency professor Minister of Health, His Excellency LO Veasnakiri, Secretary of State of the Ministry of Health, attended a ceremony to present the Royal Order of Monisaraphon to Professor Lut Lynen, Acting Director and Professor Wim Van Damme, Head of Policy Unit of the Institute of Tropical Medicine, Belgium, which was organized by the National Institute of Public Health. 

Following the request of Samdech Moha BorVor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, His Majesty King Norodom Sihamoni graciously offered the Royal Order of Monisaraphon - Knight Grand Cross (Maha Sirivaddha) to the two professors. They have made tremendous contribution to health sector training and development in particular in human resource development in the areas of public health and research in the Kingdom of Cambodia, directly and through collaborative projects to the National Institute of Public Health in the past years. Evidently, only two collaborative projects between National Institute of Public Health and Institute of Tropical Medicine, FA4 (2017-2021) and FA5 (2022-2026) have a total budget of about 2 million US dollar funded by grant from the Belgian government and Belgian population.

There are many participants attending the ceremony, who are His Excellency the leaders of the Ministry of Health, honorary consulate of Belgium Embassy in Phnom Penh, the two professors, the management team and officials of the National Institute of Public Health, Alumni who completed their study and were the ITM scholars through FA4 (2017-2021) and FA5 (2022-2026), and the professors’ beloved friends.