កម្មវិធីបើកដំណើរការកម្មវិធីសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ដើម្បីកម្ពុជា និងប្រទេសដ៏ទៃទៀត៖ ការកសាងប្រព័ន្ធទិន្នន័យ និងសមត្ថភាពថ្នាក់ជាតិក្នុងការពង្រឹងដំណើរការ ភាពធន់ និងការត្រៀមសំរាប់ជំងឺរាតត្បាតនៃប្រព័ន្ធសុខាភិបាល”

image not found

នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ នាថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈដែលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ បានចូលរួមក្នុង  “កម្មវិធីបើកដំណើរការកម្មវិធីសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ដើម្បីកម្ពុជា និងប្រទេសដ៏ទៃទៀត៖ ការកសាងប្រព័ន្ធទិន្នន័យ និងសមត្ថភាពថ្នាក់ជាតិក្នុងការពង្រឹងដំណើរការ ភាពធន់ និងការត្រៀមសំរាប់ជំងឺរាតត្បាតនៃប្រព័ន្ធសុខាភិបាល” ដែលបានរៀបចំឡើងដោយ China Medical Board ជាផ្នែកមួយនៃ Prince Mahidol Award Conference 2024។ ក្នុងនោះផងដែរគណៈប្រតិភូនៃក្រសួងសុខាភិបាលរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វីនតាក់ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមន្រ្តីក្រសួងសុខាភិបាលមួយចំនួនទៀត ក៏បានផ្តល់កិត្តិយសចូលរួម និងផ្តល់យោបល់ណែនាំល្អៗក្នុងកម្មវិធីនោះដែរ។ 
នៅថ្ងៃបន្ទាប់ ក្រុមការងាររបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈក៏បានបន្តដំណើរទស្សនកិច្ចសិក្សានៅ មន្ទីរពេទ្យ Siriraj ដែលជាមន្ទីរពេទ្យធំជាងគេនៅព្រះរាជាណាចក្រថៃឡង់ ដើម្បីស្វែងយល់អំពីបទពិសោធន៍ក្នុងការបង្កើតប្រព័ន្ធទិន្នន័យ ក៏ដូចជាការប្រើប្រាស់ និងវិភាគទិន្នន័យក្នុងការពង្រឹងការងារគ្រប់គ្រង និងផ្តល់សេវានៅមន្ទីរពេទ្យផ្ទាល់ ក៏ដូចជាការពង្រឹងគោលនយោបាយ និងប្រព័ន្ធសុខាភិបាលនៅព្រះរាជាណាចក្រថៃឡង់។ ក្នុងដំណើរទស្សនកិច្ចនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជ ឡូ វាសនាគីរី និងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ផងដែរ។